
សៀមរាប: បើទោះបីជាស្រុកទេស មានការរីកចម្រើន វិទ្យាសាស្ត្រទំនើបខ្លាំង តែជំនឿនៅតែជារឿងសំខាន់បំផុត ក្នុងជីវភាពរស់នៅ របស់អ្នកស្រុកអង្គរ ដដែល។ ពួកគាត់តែងយកជំនឿជាធំ មិនថាអ្នករកស៊ី អ្នកមានវិបត្តិ មុនធ្វើអ្វីមួយ ឬរៀបចំពិធីផ្សេងៗទេ ដើម្បីជួយដោះស្រាយ ជួយជាកម្លាំងចិត្ត និងធ្វើឱ្យចំពេលាល្អ មានសិរីសួស្តី ហើយរាល់ពិធីទាំងនេះ ធ្វើឡើងក្នុងគោលបំណង សុំសេចក្តីសុខសប្បាយ និងការរឭកដឹងគុណជាដើម។
ក្រៅពីនោះទៀត អ្នកស្រុកអង្គរ ក៏នៅរក្សាទំនៀម បុណ្យប្រពៃណី ទៅតាមរដូវកាល យ៉ាងខ្ជាប់ខ្ជួនផងដែរ ដូចជាពិធីបុណ្យឡើងអ្នកតា (ឡើងមាឃ) នាថ្ងៃ៣កើត ខែមាឃ ដែលអ្នកស្រុក ក្នុងតំបន់អង្គរ បានប្រារព្ធជារៀងរាល់ឆ្នាំ តពីបុរាណកាលមក មិនដែលខកខាន។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ៣ កើត ខែមាឃ ប្រជាជនដែលនៅជុំវិញ ប្រាសាទអង្គរវត្ត បានស្រាក់ដៃគ្នា រៀបចំពិធីឡើងមាឃ ឬឡើងលោកតារាជ្យ ទៅតាមទម្លាប់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន រួមទាំងចូលរួមថែរក្សា ជំនឿវប្បធម៌ខ្មែរ ឱ្យនៅរស់លើទឹកដីដ៏ស័ក្តិសិទ្ធិនេះ។
ចំពោះការរៀបចំគ្រឿងរណ្តាប់ នៅក្នុងពិធីនេះ មានស្លាធម៌ បាយសី ជម៤ គ្រឿងសំណែន មាន់ស្ងោរ ក្បាលជ្រូក បាយសម្ល បង្អែមចម្អាប ផ្លែឈើ ភ្ញីផ្កា ស្រាស ទឹកក្រូចជាដើម ពិសេសគឺនំបញ្ចុក តែម្តង ដែលធ្វើសម្រាប់ ចែកជូនអ្នកចូលរួមពិសា ។ ពិធីនេះកើតឡើងពីសាមគ្គីភាព របស់អ្នកស្រុកគ្រប់គ្នា ដែលស្រឡាញ់វប្បធម៌ជាតិ និងជំនឿ ដែលមានតាំងពីបុរាណ។
ក្នុងពិធីនេះដែរ អ្វីដែលពិសេស ដើម្បីឱ្យមនុស្ស និងអ្នកតា អាចប្រាស្រ័យទាក់ទងគ្នា បានផង និងញ៉ាំងពិធីឱ្យកាន់តែ អធិកអធម សប្បាយរីករាយផងនោះ គឺវង់តន្ត្រីបុរាណខ្មែរ និងអ្នកចូលរូប ដែលតំណាងឱ្យអ្នកតា ថែរក្សានៅទីស័ក្តិសិទ្ធិទាំងនោះ ដែលមិនអាចខ្វះបានឡើយ។ កិច្ចពិធីបានចាប់ផ្តើម ដោយការសូត្រ នមស្សការ រំឭកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាកហ៊ោ បួងសួង ដល់វត្ថុស័ក្តសិទ្ធិ អញ្ជើញដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដី ឱ្យចូលមកកាន់ទីកន្លែង ដែលអ្នកភូមិបានរៀបចំជូន។
បន្ទាប់ពីចប់កិច្ចពិធីនេះហើយ ភ្លេងក៏ចាប់ផ្តើមប្រគំ អមទៅដោយអ្នកចូលរូប (ស្នងរូបអ្នកតា ឬបារមីផ្សេងៗ) រាំរែកតាមចង្វាក់ភ្លេង។ អ្នកតាដែលចូលមក មានច្រើនរូប អត្តចរិតខុសគ្នា ចំណូលចិត្ត ក៏ខុសគ្នា ខ្លះស្លូតបូត ខ្លះកាច ខ្លះក្រមិចក្រមើម ហើយតន្ត្រី ក៏ត្រូវប្រគំ ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកតា ដែលចូលរូបអ្នកស្នងដែរ បើមិនអ៊ីចឹងទេ អ្នកតានឹងខឹង មិនរាំលេង ឬមិនចូលរូបដែលស្នង។ ពេលអ្នកតា ចូលរូបហើយ អ្នកស្រុកបានអញ្ជើញឱ្យ អ្នកតាសេពសោយអាហារ ដែលបានរៀបចំជូន ហើយសួរនាំអ្នកតា ពីរឿងរ៉ាវផ្សេងៗ ពីការរៀបចំ គ្រឿងសំណែន គ្រឿងរណ្តាប់ តើរៀបចំត្រឹមត្រូវ ល្មមគ្រប់គ្រាន់ ឬយ៉ាងណា ក្រែងលោមានកំហុសឆ្គង ដោយប្រការណាមួយ និងសុំសេចក្តីសុខ ដល់ខ្លួន និងក្រុមគ្រួសារ។ ឯអ្នកស្រុកដែលមានជំនឿ ក៏បានសុំឱ្យជួយព្យាបាលជំងឺ សុំទឹកមន្ត និងលាភសក្ការៈផងដែរ។
បើតាមជំនឿរបស់អ្នកស្រុក ដែលប្រារព្ធពិធីនេះ គឺដើម្បីឱ្យអ្នកតា ដែលថែរក្សាភូមិស្រុក ឬទីតាំងស័ក្តិសិទ្ធិ បានរាំលេងសប្បាយ ព្រមទាំងអរគុណ ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលបានផ្តល់ទឹកភ្លៀង ធ្វើឱ្យដីមានជីជាតិ មិនឱ្យទឹកទន្លេឡើងខ្លាំង និងធ្វើឱ្យស្រូវគាត់ បានភោគផលច្រើន។ មួយវិញទៀត ក៏ធ្វើដើម្បីសុំឱ្យកូនចៅ សុខសប្បាយ និងលាបំណន់ដែលបាន បែរបន់ចំពោះកសិកម្ម ឬការងារអ្វីផ្សេង ក្រែងលោអ្នកតាចាំមាត់ចាំក បើមិនបានធ្វើ នាំឱ្យខុសឆ្គងកើតគ្រោះភ័យ ដល់ខ្លួននិងភូមិស្រុក។ «អ្នកតា» ចំពោះអ្នកស្រុក គឺជាវត្ថុស័ក្ដិសិទ្ធិបំផុត ព្រោះជាអ្នកថែរក្សាស្រុក អ្នកឃុំគ្រងកូនចៅ ឱ្យបានសុខសប្បាយ គួរឱ្យគោរពបូជា មិនអាចមើលងាយ ឬលេងសើចបានទេ។
តាមការលើកឡើង របស់លោក សេង ធី នៅសង្កាត់សាលាកន្សែង ខេត្តសៀមរាប ជាអ្នកផ្តួចផ្តើមពិធីឡើងមាឃ នៅប្រាសាទអង្គរវត្ត មុខផ្លូវចូលទៅតារាជ្យ បានប្រាប់ថា ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ ៣ កើត ខែមាឃ គាត់និងអ្នកភូមិជុំវិញអង្គរ តែងតែជួបជុំ ប្រមូលថវិកាគ្នា តិចតួច ដើម្បីធ្វើពិធីឡើងមាឃ ឬឡើងតារាជ្យ មិនដែលខានទេ ព្រោះនេះជាទម្លាប់ ពីបរមបុរាណ ហើយចាស់ៗ ក៏បានផ្តែផ្តាំ កុំឱ្យបំភ្លេច ទើបខំធ្វើ ទោះបីមានលុយ ឬអត់លុយក៏ដោយ។
ម្យ៉ាងពេលធ្វើហើយ កូនចៅ ក៏បានសុខសប្បាយ រកស៊ីមានបាន សំខាន់យើងបានថែរក្សា បុណ្យពីបុរាណយើង ឱ្យនៅស្ថិតស្ថេរតកូនតចៅ។ ចំពោះលោក ប្រាសាទអង្គរ មិនត្រឹមតែជាកន្លែង សម្រាប់ទេសចរ ទស្សនាកម្សាន្តទេ តែជាកន្លែងដ៏ស័ក្តិសិទ្ធិ ក្នុងការគោរពបូជា របស់ប្រជាជនខ្មែរ ហើយលោក និងអ្នកភូមិ ប្ដេជ្ញាបន្តពិធីនេះ ជារៀងរហូត ឱ្យរស់រវើកនៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ និងផ្នត់គំនិតកូនខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រ ដ៏អស្ចារ្យនេះផងដែរ៕

CEN
ដោយ: អាជ្ញាធរជាតិអប្សរា
No comments:
Post a Comment