​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ជួបពិភាក្សា​ការងារ​ជួសជុល សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ ជាមួយ​ក្រុមហ៊ុន​អ៊ី​អុង​



​សៀមរាប: នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ឯកឧត្តម អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួបពិភាក្សា​ការងារ ជាមួយ​តំណាង ក្រុមហ៊ុន​អ៊ី​អុង (AEON) សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា និង​ក្រុមហ៊ុន​សា​តូ​កម្ពុជា​។ ជំនួប​ពិភាក្សា​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ អាជ្ញាធរ​ជាតិ​អប្សរា​ផ្ទាល់ ដោយ​ផ្តោត​សំខាន់​លើ ដំណើរការ នៃ​ការជួសជុល​សារមន្ទីរ ព្រះ​នរោត្តម សីហនុ អង្គរ និង​ការដាក់​ឲ្យ​ដំណើរការ​ឡើងវិញ នូវ​សារមន្ទីរ ក្រោយ​ការជួសជុល រួចរាល់​។​

ឯកឧត្តម​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន​អ៊ី​អុង និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ដែល​បាន​ជួយ​ជ្រោមជ្រែង ក្នុង​កិច្ច​អភិរក្ស​វប្បធម៌ នៅ​អង្គរ ជាពិសេស គឺ​កិច្ច​ការជួសជុល សារមន្ទីរ​នៅពេលនេះ​។ ឯកឧត្តម បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា ពិតជា​ពេញចិត្ត ចំពោះ​សមិទ្ធផល ដ៏​ល្អប្រសើរ​នេះ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ពិភាក្សា​ជាមួយ សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ដើម្បី​រិះរក​វិធីសាស្ត្រ​យ៉ាងណា ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​ចូល​ទស្សនា​សារមន្ទីរ​នេះ កាន់តែច្រើន ក្រោយពី​ជួសជុល​រួចរាល់​។ ជាមួយគ្នានេះ ឯកឧត្តម​អគ្គនាយក ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អ៊ី​អុង ពិចារណា​ជួយ​ជួយ​ជួសជុល ចំណុច​មួយចំនួនទៀត ដែល​មិនមាន ក្នុង​កិច្ចព្រមព្រៀង​។​

​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន​អ៊ី​អុង លោក ហា​យ៉ា​ស៊ី ណា​អុ​គី បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​ដំណើរការ​ជួសជុល ដែលមាន​ការវិវឌ្ឍ ទៅ​មុខជា​លំដាប់​។ លោក​បញ្ជាក់ថា ដំណើរការ​ជួសជុល​នេះ មិន​ចោទ​ជា​បញ្ហា​អ្វី​នោះទេ តែ​អ្វីដែល​យើង​គិត គឺ​ការទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​ចូលមក​ទស្សនា សារមន្ទីរ​ឲ្យ​បាន ក្រោយពី​ការជួសជុល​រួចរាល់​។ ចំពោះ​សំណូមពរ​ជួសជុល ចំណុច​ផ្សេង​ពី​កិច្ចព្រមព្រៀង លោក​នឹង​ទៅពិនិត្យ ដោយផ្ទាល់​ម្តងទៀត ហើយនឹង​ពិចារណា​ឡើងវិញ​។​

​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​អង្គរ បាន​កសាងឡើង នៅ​ឆ្នាំ​២០០៧ ក្រោម​កិច្ចសហប្រតិបត្តិការ រវាង អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ សូ​ហ្វ៊ី​យ៉ា ដោយ “​មូលនិធិ​នៃ​ក្លឹប ១%” របស់​ក្រុមហ៊ុន​អ៊ី​អុង ដើម្បី​ដាក់តាំង និង​តម្កល់​វត្ថុ​បុរាណ ដែល​បាន​រកឃើញ ក្នុងពេល​សិក្សា​ស្រាវជ្រាវ របស់​សាកលវិទ្យាល័យ សូ​ហ្វ៊ី​យ៉ា កាលពី​ឆ្នាំ​២០០០ និង​២០០១ នៅ​ប្រាសាទបន្ទាយក្តី​។ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​មក ក្រុមហ៊ុន​អ៊ី​អុង អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា សម្រេច​ធ្វើការ​ជួសជុល កែលម្អ​ឡើងវិញ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៧​នេះ​។​

​យោងតាម​ខ្លឹមសារ នៃ​កិច្ចព្រមព្រៀង ស្តីពី​ការងារ​ជួសជុល​នេះ មូលនិធិ​ក្លឹប ១% នៃ​ក្រុមហ៊ុន​អ៊ី​អុង ទទួលបន្ទុក​ចំណាយ​ទាំងស្រុង លើ​ការងារ​ជួសជុល ដំបូល​លិច​ទឹក ជញ្ជាំង​ជ្រាប​ទឹក លាបថ្នាំ ជួសជុល​បង្អួច និង​កម្រាល​ឥដ្ឋ​សាល​ពិព័រណ៍​។ អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​ដឹកជញ្ជូន ចម្លាក់​មុន និង​ក្រោយ​ការងារ​ជួសជុល សម្របសម្រួល ការងារ​ផ្សេងៗ និង​ចូលរួម​ជួសជុល ចំណុច​ផ្សេងៗ​ទៀត តាម​លទ្ធភាព​ជាក់ស្តែង​។ ចំណែក​សាកលវិទ្យាល័យ សូ​ហ្វ៊ី​យ៉ា នឹង​ទទួលបន្ទុក​ផ្តល់​ប្រឹក្សា លើ​ការងារ​ជួសជុល និង​លើ​ដំណើរការ ពិព័រណ៍​សារមន្ទីរ បន្ទាប់ពី​ជួសជុល​ហើយ​៕

CEN
ដោយ: អាជ្ញាធរ​ជាតិ​អប្សរា​

No comments: