អាជ្ញាធរ​អគ្គិសនី​កម្ពុជា គ្រោង​កែសម្រួល​បញ្ជី​ថ្លៃ​លក់​អគ្គិសនី ដោយ​យក​ថ្លៃ​ពេល​ថ្ងៃ ខ្ពស់ជាង​ពេលយប់​

EAC-Office រូបថតពីអាជ្ញាធរអគ្គិសនីកម្ពុជា

ភ្នំពេញ​៖ អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការពិគ្រោះ​យោបល់​លើ​ការកែសម្រួល​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​តាម​ពេលវេលា​ថ្ងៃ និង​យប់​របស់​អគ្គិសនី​កម្ពុជា​។ ក្នុងនោះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា គ្រោង​កែសម្រួល​បញ្ជី​ថ្លៃ​លក់ ពេល​ថ្ងៃ​ថ្លៃ​ខ្ពស់ ជាង​ពេលយប់​។ ជាមួយគ្នានេះ ការគ្រោង​កែសម្រួល​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក៏បាន​ស្នើសុំ​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់ ផ្ដល់​មតិយោបល់​លើ​គម្រោង​នេះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៨ កុម្ភៈ​។​

អាជ្ញាធរ​អគ្គសិ​នី​កម្ពុជា​( EAC) បាន​ពិនិត្យ គណនា​លើ​សំណើ​របស់​អគ្គិសនី​កម្ពុជា (EDC) ដែល​សុំ​កែសម្រួល​បញ្ជី​ថ្លៃ​លក់​អគ្គិសនី តាម​ពេលវេលា សម្រាប់​ផ្ដល់​ជម្រើស​ដល់​អ្នកប្រើប្រាស់​ធុន​ធំ ភ្ជាប់​លើ​តង់ស្យុង​មធ្យម ប្រភេទ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម​ជាដើម​។ ទាក់ទង​គ្នា​នេះ អតិថិជន​ដែល​កំពុង​ប្រើប្រាស់ និង​អតិថិជន​ថ្មី អាច​បង្វែរ និង​ជ្រើស​រើសយក​ជម្រើស​ថ្លៃ​អគ្គិសនី​តាម​ពេលវេលា​ផ្សេងៗ ដោយពេល​ថ្ងៃ​អាត្រា​ថ្លៃ​ខ្ពស់ និង​ពេលយប់​អាត្រា​ថ្លៃ​ទាប​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​០២ កុម្ភៈ​។​

​ជាមួយគ្នានេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​មាន​តម្លាភាព អាជ្ញាធរ​អគ្គិសនី ក៏បាន​ស្នើសុំ​ឲ្យ​ក្រសួង ស្ថាប័ន និង​អ្នកប្រើប្រាស់​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​តាម​ពេលវេលា​នេះ សុំ​ចូលរួម​ផ្ដល់​មិ​ត​យោបល់​លើ​គម្រោង​កែសម្រួល​នេះ​ផងដែរ​។ សម្រាប់​ការផ្ដល់​មតិយោបល់​នេះ ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ប៉ុន្តែ​ក្រោយពី​ថ្ងៃទី​២៨ ខែកុម្ភៈ គម្រោង​កែសម្រួល​នេះ នឹងត្រូវ​ចាត់ទុកថា​បាន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​រួច​។ ម្យ៉ាងទៀត អាជ្ញាធរ​អគ្គិសនី​កម្ពុជា នឹង​អាច​ពិនិត្យ និង​អនុម័ត​កែសម្រួល​បញ្ជី​ថ្លៃ​លក់​នេះ ទៅតាម​ការកំណត់​រប​ស់​ច្បាប់​ស្ដីពី​អគ្គិសនី​។​

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បន្ថែមថា ការផ្ដល់​យោបល់​លើ​គម្រោង​កែសម្រួល​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​តាម​ពេលវេលា​នេះ អតិថិជន និង​អ្នកប្រើប្រាស់​ទាំងអស់ ត្រូវមាន​មូលដ្ឋាន​សំអាង​គ្រប់គ្រាន់ ដើម្បី​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​អាច​ពិនិត្យ​បាន ទៅតាម​ការកំណត់​រប​ស់​ច្បាប់​ស្ដីពី​អគ្គិសនី​នៃ​ប្រទេស​កម្ពុជា​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

No comments: