សាលា​រាជធានី​អនុញ្ញាត​ឲ្យ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​វត្ត​ភ្នំ​សប្ដាហ៍​ក្រោយ

ជន​ពិការ​ចូល​រួម​ក្នុង​កម្មវិធី​រត់​ប្រណាំង​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ជន​ពិការ​ដែល​ច្រៀង​តាម​ដង​ផ្លូវ និង​ស្តុប​នា​ពេល​កន្លង​ទៅ​កំណត់​ពេល​ជួប​ប្រជុំ​គ្នា ដើម្បី​ចែក​វេន​ច្រៀង​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ។ ចំណែក​២ កន្លែង​ផ្សេង​ទៀត សាលា​រាជធានី​នឹង​រៀបចំ​ជូន​ពួកគាត់​ជា​បន្តបន្ទាប់។ មន្ត្រី​សាលា​រាជធានី​សង្ឃឹម បងប្អូន​ជន​ពិការ​នឹង​មិន​ទៅ​ប្រគំ​នៅ​តាម​ផ្លូវ​សាធារណៈ​ទៀត​ទេ។

សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ជន​ពិការ អាច​ប្រគំ​តន្ត្រី​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ជា​លើក​ដំបូង នៅ​សប្ដាហ៍​ក្រោយ។

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ ក្រុម​ជន​ពិការ​ទាំង ៥​ក្រុម​ដែល​មាន​សមាជិក ១៩៤​នាក់ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្រសួង​សង្គមកិច្ច​រៀបចំ​ដាក់​កម្មវិធី​ចែក​វេន​ចែក​ថ្ងៃ​គ្នា ដើម្បី​ប្រគំតន្ត្រី​ជន​ពិការ​នៅ​សប្ដាហ៍​ក្រោយ។ លោក​បញ្ជាក់​ថា ចំណែក​ទីតាំង​ចំនួន ២​ទៀត គឺ​សួន​អតីត​ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​មុខ​វត្ត​បទុមវតី មន្ត្រី​សាលា​រាជធានី កំពុង​សិក្សា និង​គូរ​ប្លង់ ដូច្នេះ​អាច​នឹង​រួចរាល់​ប្រហែល ៣ ទៅ ៤​សប្ដាហ៍​ទៀត។ រី​ឯ​ទីតាំង​ប្រគំ​តន្ត្រី​ជន​ពិការ​ដំបូង​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​នេះ មាន​ភ្ញៀវ​ទេសចរ​​ច្រើន​ដែល​អាច​ឲ្យ​បងប្អូន​ជន​ពិការ​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​ច្រើន​គួរសម​ដែរ។

លោក មាន ចាន់យ៉ាដា៖ «គាត់​នឹង​ជួប​គ្រប់​ក្រុម​ទាំង​អស់ ដើម្បី​គាត់​ដាក់​កម្មវិធី​គ្នា​គាត់ ហើយ​យើង​ជួយ​ត្រួត​ពិនិត្យ​គាត់​តែ​ប៉ុណ្ណឹង ឲ្យ​គាត់​ស្រុះស្រួល​គ្នា ព្រោះ​បច្ចុប្បន្ន​នេះ​យើង​មាន​ក្រុម​ជន​ពិការ ៥​ក្រុម នៅ​ក្នុង ១​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ជាង ១​ពាន់​ដែរ»។

នាយក​ប្រតិបត្តិ​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ លោក ចាប តូ ដែល​ជា​ជន​ពិការ​ភ្នែក​មួយ​រូប​ដែរ ថ្លែង​ថា លោក​រីករាយ​ដែល​សាលា​រាជធានី​រៀបចំ​ឲ្យ​ពួកគាត់​ប្រគំ​តន្ត្រី​នៅ​វត្ត​ភ្នំ។ តែ​ទោះ​យ៉ាង​ណា លោក​ស្នើ​ឲ្យ​សាលា​រាជធានី​ពន្លឿន​ការ​រៀបចំ​ទីតាំង ២​កន្លែង​ផ្សេង​ទៀត ឲ្យ​បាន​ឆាប់​រហ័ស​ជូន​ពួកគាត់ ដើម្បី​កុំ​ឲ្យ​អូស​បន្លាយ​ពេល​វេលា​យូរ​ជាង​នេះ​ទៀត ពីព្រោះ​ពួកគាត់​កំពុង​ជួប​បញ្ហា​ជីវភាព៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​អស់ ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​រមណីយដ្ឋាន​វត្ត​ភ្នំ ទីលាន​ប្រជាធិបតេយ្យ ដូច​ជា​វត្ត​បទុមវតី បើ​ឃើញ​ការ​ប្រគំ​តន្ត្រី​លក្ខណៈ​អាជីព (Professional) របស់​បងប្អូន​ជន​ពិការ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​ជា​សម្ភារៈ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​ជា​ជាង​គាត់​យក​សមត្ថភាព​គាត់​មាន​ដើរ​សុំ​ទាន ជួយ​គាំទ្រ​វិស័យ​ពិការភាព និង​វិស័យ​សិល្បៈ​ជន​ពិការ»។

ទាក់ទង​នឹង​ការ​ផ្ដល់​ទីតាំង​ប្រគំ​តន្ត្រី​នេះ សង្គម​ស៊ីវិល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ជន​ពិការ និង​ជន​ពិការ កន្លង​ទៅ​បាន​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ផ្ដល់​ទីតាំង​ឲ្យ​ជន​ពិការ​ប្រគំ​តន្ត្រី​ចំនួន ៥​ទីតាំង ឬ​ច្រើន​ជាង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ប្រទាញប្រទង់ ពីព្រោះ​ក្រុម​ចម្រៀង​ជន​ពិការ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ដូច្នេះ អាច​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​ច្រើន។

ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ មន្ត្រី​សាលា​រាជធានី​ដដែល​អះអាង​ថា មិន​អាច​ផ្ដល់​ទីតាំង​លើស​ពី​៣ កន្លែង​ជូន​បាន​ទេ ដោយ​បញ្ជាក់​ថា ទីតាំង​ចំនួន​៣ ដែល​សាលា​រាជធានី​ជ្រើសរើស​នេះ​មិន​មែន​ជា​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​នោះ​ឡើយ គឺ​ជា​ទីតាំង​ដ៏​ល្អ​សម្រាប់​ជន​ពិការ៕

RFA
ដោយ ខែ សុណង

បក្ស​កាន់​អំណាច​កំពុង​ប្រមូល​ហត្ថលេខា​តំណាងរាស្ត្រ​ធ្វើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

នៅ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រមូល​ហត្ថលេខា​តំណាងរាស្ត្រ​នៃ​គណបក្ស​នេះ ដើម្បី​ដាក់​ទៅ​សភា សម្រាប់​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ទាក់ទង​រឿង​នេះ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច​កែ​ច្បាប់​នេះ​ឲ្យ​មាន​ប្រយោជន៍​ដល់​គ្រប់​គណបក្ស​នយោបាយ។

មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​វិសោធនកម្ម ឬ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​គណបក្ស​នេះ​យល់​ថា ធ្វើ​បាន​កាន់​តែ​លឿន កាន់​តែ​ល្អ ព្រោះ​យល់​ថា​មាត្រា​ខ្លះ​នៃ​ច្បាប់​ហួស​សម័យ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យ​ទាន់​សភាពការណ៍។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាសភាព​ចម្រុះ​មក​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា ក្រសួង​យុត្តិធម៌ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កំពុង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ថ្មី។ ទោះ​យ៉ាង​នេះ​ក្ដី លោក សុខ ឥសាន មិន​ទាន់​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ​មាត្រា​ណា​ខ្លះ​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ មិន​មែន​កែ​ត្រឹម​ការ​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ទេ៖ «យើង​ត្រូវ​ធ្វើ​ឲ្យ​ស្រប​តាម​សភាពការណ៍​ជាក់ស្ដែង​ថ្មី ហើយ​ដែល​យើង​ឆ្លង​កាត់​ការ​អនុវត្ត​កន្លង​ទៅ​មាន​ចំណុច​ណា​ខ្វះ​ចន្លោះ យើង​ត្រូវ​បំពេញ​បន្ថែម។ យើង​ធ្វើ​នេះ​មិន​មែន​សំដៅ​ទៅ​បុគ្គល ក ឬ​បុគ្គល ខ នោះ​ទេ។ យើង​ធ្វើ​សម្រាប់​បុគ្គល ក និង​បុគ្គល ខ នៃ​គណបក្ស​នយោបាយ​ទាំងអស់»។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាន ១១​ជំពូក ៤៥​មាត្រា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧។ តាម​ច្បាប់​តំណាងរាស្ត្រ មួយ​ភាគ​បួន ឬ​ជាង ៣០​រូប​នៃ​តំណាងរាស្ត្រ​សរុប អាច​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រមូល​ហត្ថលេខា​របស់​តំណាងរាស្ត្រ​ពី ៤០​រូប​ទៅ ៥០​រូប។

បើ​តាម​លោក សុខ ឥសាន បែប​ផែន​នៃ​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មាន​ដំណាក់​កាល​ដូចជា ក្រោយ​ពី​បាន​ប្រមូល​ហត្ថលេខា​របស់​តំណាងរាស្ត្រ​រួច​ហើយ ត្រូវ​ប្រគល់​ទៅ​គណៈ​អចិន្ត្រៃយ៍​សភា ហើយ​គណៈ​អចិន្ត្រៃយ៍​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា និង​បន្ទាប់​ពី​គណៈកម្មការ​ជំនាញ​ត្រួត​ពិនិត្យ​រួច​ហើយ ត្រូវ​ប្រគល់​ត្រឡប់​មក​គណៈ​អចិន្ត្រៃយ៍​សភា​វិញ ទើប​គណៈ​អចិន្ត្រៃយ៍​កំណត់​ថ្ងៃ​ប្រជុំ​សភា​ដើម្បី​អនុម័ត។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​គម្រោង​ធ្វើ​វិសោធនកម្ម​នេះ ព្រោះ​លោក​ប្រាប់​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មិន​ទាន់​អនុវត្ត​បាន​គ្រប់​មាត្រា​ផង ស្រាប់​តែ​ពេល​នេះ​ត្រូវ​ធ្វើ​វិសោធនកម្ម​ទៀត។ លោក​យល់​ថា ដើម្បី​ឲ្យ​ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​សមធម៌ ត្រូវ​កំណត់​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​ក្នុង​ពេល​ធ្វើ​ការ​ឃោសនា​ឲ្យ​ស្មើៗ​គ្នា។ ផ្ទុយ​ពី​លោក ហ៊ុន សែន លោក សុន ឆ័យ នៅ​តែ​យល់​ថា ប្រធាន ឬ​អនុប្រធាន​គណបក្ស​មួយ ប្រសិន​បើ​សមាជិក​នៃ​គណបក្ស​នោះ​គាំទ្រ​រួច​ហើយ មិន​ត្រូវ​មាន​ច្បាប់​ណា​ហាមប្រាម​នោះ​ទេ៖ «មេ​បក្ស​នៅ​ក្នុង​គណបក្ស​នយោបាយ​ដែល​មាន​ការ​គាំទ្រ​ពី​សមាជិក​របស់​គេ ត្រូវ​តែ​ការពារ មាន​សមាជិក​របស់​គាត់​ដែល​មាន​សិទ្ធិ​ដោះដូរ មិន​ត្រូវ​មាន​ច្បាប់​ណា​ហាមប្រាម​នោះ​ទេ»។

លោក សុន ឆ័យ ក៏​ចង់​ឃើញ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​បន្ថែម​ទៀត ដើម្បី​ហាម​មិន​ឲ្យ​មន្ត្រី​យោធា និង​មន្ត្រី​រដ្ឋ​ប្រើ​អំណាច និង​តួនាទី​របស់​ខ្លួន​ទៅ​ឃោសនា​គាំទ្រ​គណបក្ស​នយោបាយ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ក្នុង​ពេល​កំពុង​មាន​វិបត្តិ​នយោបាយ​ដូចនេះ មិន​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​នយោបាយ​ឡើយ ព្រោះ​នឹង​ដាក់​បន្ទុក​ទៅ​គណបក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល។ លោក​បន្ត​ទៀត​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​សព្វថ្ងៃ នៅ​ប្រើប្រាស់​បាន ដែល​មិន​ទាន់​ហួស​សម័យ​នៅ​ឡើយ​ទេ៖ «ប្រុង​ធ្វើ​វិសោធនកម្ម​ដូច​ប្រញាប់​ពេក។ ខ្ញុំ​មើល​ទៅ​វិសោធនកម្ម​នេះ មិន​មែន​ជួយ​ដល់​គណបក្ស​នយោបាយ​ទេ បែរ​ជា​ធ្វើ​ឲ្យ​ផុយ​ស្រួយ​ទៅ​វិញ​ទេ»។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ប្រាប់​ទៅ​ក្រុម​ការងារ​របស់​លោក គួរ​លុប​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​បាន​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ ប៉ុន្តែ​មិន​អាច​រក​ស្នាម​មេដៃ​អ្នក​គាំទ្រ ៤.០០០​នាក់​ក្នុង​រយៈពេល​កំណត់។ ចំណុច​មួយ​ទៀត លោក ហ៊ុន សែន ចង់​យក​គំរូ​តាម​ប្រទេស​ថៃ ដោយ​កំណត់​ថា បើ​ប្រធាន​គណបក្ស​ណា​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ត្រូវ​រំលាយ​គណបក្ស​ចោល និង​ហាម​មេ​ដឹកនាំ និង​គណៈកម្មការ​នាយក​នៃ​គណបក្ស​មិន​ឲ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល​ណា​មួយ។

ចំណុច​មួយ​ទៀត លោក ហ៊ុន សែន ទាមទារ​ឲ្យ​លុប​ឈ្មោះ​គណបក្ស​ណា​ដែល​ទទួល​ជំនួយ​ពី​បរទេស ប៉ុន្តែ​បើ​ជំនួយ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អនុញ្ញាត​ឲ្យ​ទទួល​បាន។ ចំណុច​រសើប​មួយ​ទៀត លោក ហ៊ុន សែន នៅ​តែ​និយាយ​ដដែល​ថា នឹង​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ។ ចំណែក​លោក សម រង្ស៊ី ហៅ​ឥរិយាបថ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន បែប​នេះ ថា​ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​ចាញ់​ឆ្នោត៕

RFA
ដោយ ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​CPP៖ ជន​ដែល​ខំ​ស្រែ​ករឿង​កោះត្រល់​ល្មម​ឈប់​ស្រែក​ទៅ​គ្រាន់តែ​ជាការ​ឃោសនា នយោបាយ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​



ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា ជន​ដែល​ខំ​ស្រែក​ដាក់​កំហុស​មកលើ​រាជរដ្ឋាភិបាល​សព្វថ្ងៃ ពាក់ព័ន្ធ​រឿង​កោះត្រល់ វា​គ្រាន់តែ​ជាការ​ឃោសនា​ដើម្បី​កេងចំណេញ​នយោបាយ និង​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់ និង​កាន់តែ​ឈឺចាប់​ប៉ុណ្ណោះ​ហើយ​កុំ​និយាយថា ខ្លួន​ស្នេហា​ជាតិ​លើសគេ លើស​ឯង​នោះ វា​មិនផេះ​ទេ ល្ម​ប​ឈប់​ស្រែក​ទៅ​។

ដោយ​មន្ត្រី​រូប​នោះបាន​លើកឡើងថា ក្នុងនាម​ជា​ជនជាតិខ្មែរ​ពិតជា​មានការ​សោកស្តាយ​នូវ​ការបាត់បង់​កោះត្រល់​តែ​ធ្វើ​ដូចម្តេច​បើ​នេះ​វា​ជា​ផលវិបាក​នៃ​ប្រវត្តិសាស្ត្រ​បាន​ត្រឹម​សោកស្តាយ​ប៉ុណ្ណោះ​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា កោះត្រល់ ជា​កោះ​មួយ​ធំ​របស់​កម្ពុជា​តាំង​ពីមុន​ឆ្នាំ​១៩៣៩​ដែលមាន​ចម្ងាយ​តែ​១៥​គ​.​ម ពី​ឆ្នេរ​ខេត្តកំពត មាន​ចម្ងាយ​៤៥​គ​.​ម ពី​ឆ្នេរ​ខត្ត​ហា​ទៀង ប្រទេស​វៀតណាម​។

​ស្ថិតនៅក្រោម​នឹម​អាណានិគម​បារាំង​នៅ​ឆ្នាំ​១៩៣៩​បារាំង​បានសំរេច​ផ្ទេរ​ការ​គ្រ​ប់គ​ហ​រង​កោះត្រល់​ពី​កម្ពុជា​ទៅ​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​កូសាំងស៊ីន​ដោយ​អត្តនោម័ត​របស់​អគ្គទេសាភិបាល​បារាំង​ឈ្នោះ​ប្រេ​វី​យេ​ដោយ​គ្មាន​ការតវ៉ា​។ នៅ​ឆ្នាំ​១៩៤៩ គឺ​១០​ឆ្នាំ​ក្រោយមក​បារាំង​បានប្រគល់​ដែនដី​កូសាំងស៊ីន មក​ឲ្យ​ស្តេច​បាវ​ដាយ​នៃ​ប្រទេស​អាណ្ណា​ម ក៏​រួមមាន​កោះត្រល់​នេះដែរ​។​គ្ម​សន​ការតវ៉ា​ពី​រាជរដ្ឋាភិបាល​ខ្មែរ​ពេល​នោះទេ​។ នៅពេល​សម្តេចព្រះ នរោត្តម សីហនុ ទាមទារ​ឯករាជ្យ​ពី​បារាំង​ក៏​មិនបាន​ទាមទារ​កោះត្រល់​ដែរ​ក្នុង​ក្រ​ទ្បា​ផ្ទៃ​ប្រទេស​កម្ពុជា​១៨១០៣៥​គម​២ មិនមាន​កោះត្រល់​ទេ​។​រហូតមកដល់​សម័យ​ខ្មែរក្រហម​គ្រប់គ្រង​ក៏​ខ្មែរក្រហម​ចង់​វាយយក​កោះត្រល់​មក​វិញ​ដែរ​តែ​មិនអាច​ទៅរួច​ទីបំផុត​មហិច្ឆតា​ចង់បា​ន​កោះត្រល់​របស់ ខ្មែរក្រហម​បាន​ត្រឹម​ទទួលស្គាល់​កោះត្រល់​ជា​របស់​វៀតណាម​។​

​លោក​បាន​បញ្ជាក់ថា ក្នុងនាម​ជា​ជនជាតិខ្មែរ​យើង​ពិតជា​មានការ​សោកស្តាយ​នូវ​ការបាត់បង់​កោះត្រល់​តែ​ធ្វើ​ដូចម្តេច​បើ​នេះ​វា​ជា​ផលវិបាក​នៃ​ប្រវត្តិសាស្ត្រ​បាន​ត្រឹម​សោកស្តាយ​ប៉ុណ្ណោះ​។ ជន​ដែល​ខំ​ស្រែក​ដាក់​កំហុស​មកលើ​រាជរដ្ឋាភិបាល​សព្វថ្ងៃ វា​គ្រាន់តែ​ជាការ​ឃោសនា​នយោបាយ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​និង​កាន់តែ​ឈឺចាប់​ប៉ុណ្ណោះ​កុំ​និយាយថា​ខ្លួន​ស្នេហា​ជាតិ​លើសគេ​លើស​ឯង​នោះ វា​មិនផេះ​ទេ​ល្ម​ប​ឈប់​ស្រែក​ទៅ​៕

CEN
ដោយ: មុនីរាជ

ប្រតិភូ​ថៃ​១​ក្រុម ចូល​តាម​ច្រកទ្វារ​អានសេះ ជួប​ជនពិការ ដើម្បី​ផ្តល់​អំណោយ​ជើង​សិប្ប​និមិត្ត​



ព្រះវិហារ​: ប្រជាពលរដ្ឋ​រួមទាំង​អតីត​ទាហាន​ពិការ​ជើង​ដោយសារ​គ្រាប់មីន​នៅ​ស្រុក​ជាំ​ក្សាន្ត​មានភ័ព្វ​សំណាង​ទទួលបាន​ជំនួយ​ឧ​ត្ថ​ម្ភ​ជើង​សិប្ប​និមិត្ត​ពី​ប្រតិភូ​ថៃ​មួយក្រុម​មាន​ចំនួន​ជាង​២០​នាក់​ដឹកនាំ​ដោយ​លោក​អភិបាលស្រុក​ណា​ម​យឺន​ដែល​ទទួល​ស្វាគមន៍​ដោយ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​កាលពី​ព្រឹក​ថ្ងៃទី​០៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧​។​

ប្រតិភូ​ថៃ​ចូលមក​ស្រុក​ជាំ​ក្សាន្ត​តាម​ច្រកទ្វារ​អានសេះ​ហើយ​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ជនពិការ​ប្រុស​ស្រី​ទាំង​៣០​នាក់​នៅ​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​តែម្តង​។​

​អភិបាលស្រុក​ជាំ​ក្សាន្ត​លោក​ជា​កឹម​សេង​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​០៤​ខែ​កុ​ម្ភះ​ថា​ប្រតិភូ​ថៃ​មាន​ចំនួន​២៦​នាក់​ដឹកនាំ​ដោយ​លោក​អភិបាលស្រុក​ណា​ម​យឺន​ក្នុង​បុគ្គលិក​សកល​វិទ្យាល័យ​នៅ​ទីក្រុង​បាងកក​ជំនាញ​ផលិត​ជើង​សិប្ប​និមិត្ត​មាន​ចំនួន​២១​នាក់​។​

​មកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ក្រុមការងារ​ថៃ​កំពុង​វាស់​ពុម្ព​ជើង​ជនពិការ​ទាំង​៣០​នាក់​ដើម្បី​យក​លទ្ធផល​របាយការណ៍​ជាក់ស្តែង​ដើម្បី​ផលិត​ជើង​សិប្ប​និមិត្ត​នៅ​ទីក្រុង​បាងកក​វិញ​។​លោក​ជា​គឹម​សេង​ថ្លែងអោយដឹងថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ជនពិការ​យើង​ទទួលបាន​អំណោយ​ជើង​សិប្ប​និមិត្ត​ពី​ប្រតិភូ​ថៃ​។​

​​លោក​អភិបាលស្រុក​បន្តថា​ជន​ពិការ​ប្រុស​មាន​ចំនួន​២៨​នាក់​និង​ស្រី​០២​នាក់​គឺ​រងគ្រោះ​ដោយសារ​ជាន់មីន​ដែល​បន្សល់ទុក​ក្នុង​សង្គ្រាម​ស៊ី​វិ​វិល​។​លោក​ថ្លែងថា​នៅ​ថ្ងៃទី​១៨​ខែ​កុ​ម្ភះ​ខាងមុខនេះ​ប្រតិភូ​ថៃ​នឹង​នាំយក​ជើង​សិប្ប​និមិត្ត​ដែល​ផលិត​បាន​យកមក​អោយ​ជនពិការ​ទាំង​៣០​នាក់​ដើម្បី​ពាក់​សាកមើល​ហើយ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​នឹង​អញ្ជើញ​មក​ចូលរួម​ទទួល​ប្រតិ​ភួ​ថៃ​និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនពិការ​ផងដែរ​៕

CEN
ដោយ: ​អង្គរវត្ត​

តុលាការ​អាមេរិក បើកសវនាការ​រឿង​លោកមា​ជ សុវណ្ណារ៉ា ប្តឹង​នាយករដ្ឋមន្ត្រី និង​កូនប្រុស



ភ្នំពេញ: នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ដើម​សប្តាហ៍​ក្រោយនេះ តុលាការ​សហរដ្ឋអាមេរិក​នឹង​បើកសវនាការ​លើ​សំណុំរឿង លោកមា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​សំណុំរឿង​“​ធ្វើ​ភេរវកម្ម​” និង “​ធ្វើ​ទារុណកម្ម​តាមរយៈ​ការឃុំខ្លួន​ស្រេច​តែ​អំពើ​ចិត្ត ក្រៅច្បាប់​និង​រយៈពេល​យូរ​”​។​

លោកស្រី ចេ​មី មា​ជ ភរិយា​របស់លោក មា​ជ សុវណ្ណារ៉ា បាន​និយាយ​ក្នុង​វីដេអូ​ឃ្លី​ប​ថា តុលាការ​នៅក្នុង​ក្រុង​ឡូ​ស​អែន​ជឺ​ឡេស រដ្ឋ​កាលីហ្វ័រ​ញ៉ា នឹង​បើកសវនាការ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែកុម្ភៈ វេលា​ម៉ោង​៨.៣០​នាទី​ព្រឹក លើ​សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា ដែល​ប្តឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោកស្រី ចេ​មី មា​ជ ប្រាប់​ទៅ​ជនរួមជាតិ​ដែល​គាំទ្រ​លោក មា​ជ សុវណ្ណារ៉ា ឲ្យ​ទៅ​ចូលរួម​និង​តាមដាន​ករណីនេះ​នៅ​តុលាការ​សហរដ្ឋអាមេរិក​នោះ​ផងដែរ​។ សវនាការ​នេះ​អត់​ដូរ​ពេល​ទេ គឺ​ឡើង​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧៕

CEN
ដោយ: មុនីរាជ​

កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល​លែង ជ្រក​ក្រោម​ដំបូល​សហព័ន្ធ​តែមួយ​



ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បានប្រកាស​បែងចែក​សហ​ព័ន្ធ​ជា​ពីរ​ដាច់ពីគ្នា គឺ​សហ​ហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។ ថ្នាក់ដឹកនាំ​កីឡាប្រដាល់​លើកឡើងថា បើ​ពុំមាន​ការបែងចែក​ទេនោះ សហព័ន្ធ​នឹងមិន​មាន​កីឡាករ​ដែល​ប្រកបដោយ​គុណភាព​នោះឡើយ​។

សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បានរៀបចំ​ហាស​ន្និបាត​បូកសរុប​ការងារ និង​ដាក់​ទិសដៅ​កំណែទម្រង់​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា​(NOCC)​។ ក្នុង​មហាសន្និបាត​នោះ ថ្នាក់ដឹកនាំ​សហព័ន្ធ និង​សមាជិក​ប្រតិបត្តិ​បាន​ឯកភាពគ្នា​បង្កើត​សហព័ន្ធ​ពីរ​ដាច់ពីគ្នា គឺ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​។

​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​បញ្ជាក់ថា ការបែងចែក​ជា​ពីរ​រវាង​កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល​នេះ ដោយមាន​ការឯកភាព​ផ្ទៃក្នុង​ពី​សមាជិក​សមាជិកា​ប្រតិបត្តិ​របស់​សហព័ន្ធ គឺ​ពុំ​មានការ​ល្អក់កករ​នឹង​គ្នា​នោះឡើយ​។ ម្យ៉ាងវិញទៀត ការបែងចែក​សហព័ន្ធ​ជា​ពីរ​នេះ ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​កណ​ត់​យក​ឆ្នាំនេះ​ជា​ឆ្នាំ​កែទម្រង់​សហព័ន្ធ​នីមួយៗ​។​

​ការបែងចែក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់​ល្អប្រសើរ​។ លើសពីនេះ ដើម្បី​ជួយ​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​ធនធាន​ថ្នាល​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​បើ​ពុំ​មានការ​កំណែទម្រង់​បែបនេះ លោក តែម ម៉ឺន អតីត​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា យល់ថា កម្ពុជា​នឹង​ពុំមាន​កីឡាករ​ដែលមាន​សមត្ថ​ភាព​ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​គ្រប់គ្រាន់​នោះឡើយ​។

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅតែ​ទទូច​ឲ្យ​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវធ្វើ​ការកែទម្រង់​ឲ្យ​ស៊ីជម្រៅ​ដើម្បី​លុបបំបាត់​វិវាទ​ផ្ទៃក្នុង និង​បង្កើន​ការឯកភាព​គ្នា​ក្នុងការ​ដឹកនាំ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

​លោក​បាន​បញ្ជក់​ថា ៖«​ដើម្បី​ឲ្យ​វិស័យ​កីឡា​រីកចម្រើន យើង​ត្រូវ​សហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា NOCC និង​សហព័ន្ធ​កីឡា​ជាតិ ព្រោះ​ធាតុ​ទាំងបី​នេះ មិនអាច​ខ្វះ​គ្នា​បានឡើយ​។ ទន្ទឹមនឹងនេះ សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​រៀបចំ​ផែនការ និង​គោលដៅ​ឲ្យ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ស៊ី​ហ្គេម​»​។

​ទោះបី​សហព័ន្ធ​ត្រូវបាន​បែងចែក​ជា​ពីរ​ក៏ដោយ ប៉ុន្តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ថ្មី គឺជា​មន្ត្រី​មកពី​សហព័ន្ធ​កីឡាប្រដាល់​ចាស់​ដដែល ពោលគឺ​គ្រាន់តែ​បន្ថែម​តួនាទី​ប៉ុណ្ណោះ​។ ក្នុងនោះ​លោក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​, លោក វ៉ា ស៊ិន ភិរម្យ អនុប្រធាន​ទី​១, លោក​បណ្ឌិត ឆឹង យ៉ៅ​យ៉េន ជា​អនុប្រធាន​, លោក ម៉ិ​ល កាដូ អគ្គលេខាធិការ និង​អ្នកស្រី ប៉ឹង សំអាង ជា​អគ្គ​ហេរញ្ញិក​។

​ចំណែក សហព័ន្ធ​កីឡា​ប្រដាល់សកល គឺ​លោក​បណ្ឌិត ឆឹង យ៉ៅ​យ៉េន ជា​ប្រធាន​, លោក ស៊ិន ភិរម្យ​, លោក ម៉ិ​ល កាដូ និង​លោក មាស វុទ្ធី ជា​អនុប្រធាន​, លោក ប៊ួ​យ សោ​ភ័​ណ្ឌ ជា​អគ្គលេខាធិការ និង​លោក និ​ន វ៉ាន់ដា ជា​អគ្គ​ហេរញ្ញិក ព្រមទាំង​សមាជិក​ប្រតិបត្តិ​ចំនួន​៩​រូប​ផ្សេង​ទៀង​។​

​យ៉ាងណាមិញ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ផងដែរ​ថា ទោះបី​សមាសភាព​ដែល​ដឹកនាំ​សហព័ន្ធ​ទាំងពីរ​មកពី​សហព័ន្ធ​ចាស់​តែមួយ​ក៏ដោយ ប៉ុន្តែ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​ជា​សហព័ន្ធ​ដាច់ដោយឡែក​ពីគ្នា ពោលគឺ​មិនអាច​នៅ​ជាមួយគ្នា​នោះឡើយ​។ សហព័ន្ធ​នីមួយៗ​ត្រូវ​ស្វែងរក​ដៃគូ​សហការ និង​អភិវឌ្ឍន៍​រៀងៗ​ខ្លួន​៕

ថ្មិ​ៗ
អត្ថបទ : សឿន វណ្ណឌេត

រូបថត Beyonce ដែល​ពរ​ពោះ​ទទួល​បានការ Like ជាង​៩​លាន​នៅ Instagram



​រូបថត​ពរ​ពោះ​កូន​ទី​ពីរ​របស់​តារាចម្រៀង Beyonce នៅលើ​បណ្តាញ​សង្គម Instagram ទទួលបាន​បេះដូង (​ការ​Like) ជា​កំណត់ត្រា​។ ពោល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ រូបថត​នេះ មានការ​ចុច Like រហូតដល់​ទៅជា​ង​៩​លាន​ឯណោះ​។​

​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ តារាចម្រៀង​លំដាប់​ពិភពលោក Beyonce បាន​បង្ហោះ​រូបថត​ខ្លួន​ពរ​ពោះ​ជាមួយ​ស្វាមី គឺ Jay Z ដែលជា​អ្នកចម្រៀង​រ៉េ​ប និង​ជា​អ្នកជំនួញ ដោយ​អះអាង​ជា​កូនភ្លោះ បន្ទាប់ពី​កូនស្រី​អាយុ​៥​ឆ្នាំ Blue Ivy Carter​។ រូបថត​នេះ មានការ​ផ្តល់​សញ្ញា​បេះដូង​រហូតដល់​ទៅ​ជាង​៩​លាន ដោយ​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ​។​

​ចំនួន​នៃ​ការ​ចុច Like លើ​រូបថត Beyonce លើ Instagram បាន​បំបែក​កំណត់ត្រា​រូបថត​របស់​តារាចម្រៀង Selena Gomez ។ រូបថត​ផឹក​កូកាកូឡា​របស់ Gomez ដែល​បង្ហោះ​កាលពី​៣១​សប្តាហ៍​មុន មានការ​ចុច Like ជាង​៦​លាន​៕



ថ្មី​ៗ
អត្ថបទ : ធីតា

របាយការណ៍​UN៖ កងកម្លាំង​មី​យ៉ាន់​ម៉ា បាន​ដុត​ផ្ទះ រំលោភ និង​សម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​យ៉ាង​ព្រៃផ្សៃ​ ​



​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​០៣ កុម្ភៈ បានចេញ​របាយការណ៍​មួយ ដែល​បាន​រកឃើញថា មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ Rakhine​។ របាយការណ៍ បានចាត់ទុក​ការបំពាន​នេះ ថា អាច​ក្លាយជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​បាន​។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នង​ការទទួល​សិទ្ធិមនុស្ស (OHCHR) ដែល​យោងតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយ​ការវាយប្រហារ​នៅ​ដើមខែ​តុលា​ឆ្នាំមុន បាន​បង្ហាញថា មានការ​ករណី​រំលោភ សម្លាប់ ដែល​រាប់បញ្ចូល​ទាំង​ទារក និង​កុមារ ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។

​តាម​ចម្លើយ​ដែល​ផ្សាយ​ចេញ​តាម​របាយការណ៍​នោះ កងកម្លាំង​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​ខាងលើ​នោះទេ តែ​ពួកគេ ក៏បាន​ដុត​ផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និង​ដីស្រែ​ជនជាតិភាគតិច​ទាំងនោះ និង​ថែមទាំង​មាន​ឃាត់​ក្រុម​ទាំងនោះ​នៅក្នុង​ផ្ទះ ហើយ​ដុត​សម្លាប់​ពួកគេ​តែម្តង​។

​តាម​ចម្លើយ​ក្នុង​របាយការណ៍​ដដែល​នោះ ស្ត្រី​ច្រើនជាង​ពាក់កណ្តាល ដែល​បានផ្តល់​កិច្ចសម្ភាសន៍​នោះ បាន​អះអាងថា ពួកគេ​សុទ្ធសឹងតែ​រង​ការឈឺចាប់​ដោយសារ​ការរំលោភ និង​ហិង្សា​ផ្លូវភេទ​ជាច្រើន​ទម្រង់​ផ្សេងទៀត​។​

​ជុំវិញ​ចម្លើយ​របាយការណ៍​នេះ ប្រធាន​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad Al Hussein បាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា​៖«​អំពើ​ឃោរឃៅ​ទៅលើ​កុមារ​រ៉ូ​ហ៊ីង​យ៉ា គឺជា​រឿង​ដែល​មិនអាច​អត់​ឳ​ន​បានឡើយ​។ នេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​បុរស​(​កងកម្លាំង​) ចាក់​សម្លាប់​ទារក ដែល​កំពុងតែ​ស្រែកយំ​ដើម្បី​បំបៅ​ដោះ​ម្តាយ ខណៈ​ម្តាយ​ដែល​បានឃើញ​ឃាតកម្ម​នោះ ត្រូវបាន​រំលោភ​ដោយ​កងកម្លាំង​នោះ​»​។

​ជាមួយគ្នានេះ ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បញ្ឈប់​សកម្មភាព​ប្រឆាំង​ប្រជាជន​ខ្លួនឯង ហើយ​ជំនួស​ដោយ​ការបដិសេធ​ពី​ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីនោះ រដ្ឋាភិបាល ហើយ​ទទួលស្គាល់​ពី​ការទទួលខុសត្រូវ​ដើម្បី​ទទួល​ថា​ជនរងគ្រោះ​អាច​ទទួលបាន​យុត្តិធម៌ សុវត្ថិភាព និង​ការ​ប៉ះប៉ូវ​ឡើងវិញ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

លោក អេ ភូ​ថង​៖ ការធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​ជា​បំណងប្រាថ្នា​របស់ខ្ញុំ​

រូបភាពពីហ្វេសប៊ុកលោក អេ ភូថង

ក្រោយ​ប្រកាស​បែងចែក​សហព័ន្ធ​ជា​ពីរ​ផ្សេងគ្នា​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បោះឆ្នោត​ជ្រើសតាំង​លោក អេ ភូ​ថង និង​លោក ឈិ​ត សារឹម ជា​គ្រូបង្វឹក​ជម្រើសជាតិ ដើម្បី​បង្វឹក​កីឡាករ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នៅ​ម៉ាឡេស៊ី​។ តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​នេះ លោក អេ ភូ​ថង បញ្ជាក់ថា ជា​បំណងប្រាថ្នា​របស់លោក​ជា​យូរ​មកហើយ​។

កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ លោក អេ ភូ​ថង និង​លោក ឈិ​ត សារឹម ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​គ្រូបង្វឹក​កីឡា​គុន​ខ្មែរ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។ ការបោះឆ្នោត​ជ្រើសតាំង​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្វឹក​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​។

​ទោះបី​បច្ចុប្បន្ន លោក អេ ភូ​ថង ជា​គ្រូបង្វឹក​កីឡាប្រដាល់​នៅ​ក្លិប អេ ភូ​ថង កីឡា​ក៏ដោយ ប៉ុន្តែ​សម្រាប់​តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​នេះ ជា​ក្តី​ស្រមៃ​ដែល​លោក​បាន​ប៉ង​ទុកជា​យូរ​មកហើយ​។ កីឡាករ​ដែល​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​តាំងពីក្មេង​រូបនេះ​បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​តាមរយៈ​ការយក​បទពិសោធន៍​ល្អៗ មក​ចែករំលែក​ក៏ដូចជា​បង្វឹក​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​រីកចម្រើន​ល្បី​រន្ទឺ​លើក​ឆាក​អន្តរជាតិ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​អតីត​កីឡាករ​ជើង​ខ្លាំង​ដើមកំណើត​នៅ​ខេត្តកោះកុង​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គោលបំណង​របស់ខ្ញុំ​គឺ​ចង់​ជួយ​ជាតិ ពេលនេះ​គោលបំណងរ​ខ្ញុំ​បានសម្រេច​ដូច​ក្តី​ស្រមៃ​ហើយ​។ ខ្ញុំ​មិន​នឹកស្មានថា ខ្លួនឯងបាន​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​នោះទេ​។ ខ្ញុំ​នឹង​យក​បទពិសោធន៍​ដែល​ខ្ញុំ​មានមក​បង្វឹក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​អស់ពី​សមត្ថភាព​។ ហើយ​ខ្ញុំ​ប្តេជ្ញា នឹង​ដឹកនាំ​កីឡាប្រដាល់​សេរី​ឲ្យ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​»​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​គ្រូបង្វឹក​ជម្រើសជាតិ​មាន​បេក្ខភាព​ឈរឈ្មោះ​ចំនួន​៤៥​នាក់ មក​ក្លិប​ដែលជា​សមាជិក​របស់​ស​ហ​ព័ន្ធ​ចំនួន​៤៥​។ ការបោះឆ្នោត​ដំណាក់កាល​ទី​១ ក្នុងចំណោម​បេក្ខជន​ទាំង​៤៥​នាក់ គឺ​ជ្រើស​រើសយក​ចំនួន​៥​នាក់​។ បន្ទាប់មក​បេក្ខជន​ទាំង​៥​នាក់​ត្រូវ​ឈរឈ្មោះ​ឲ្យ​មន្ត្រី​សហព័ន្ធ​បោះឆ្នោត​បន្ត ដើម្បី​ជ្រើស​រើសយក​ពីរ​នាក់មក​ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​។

​ការតែងតាំង​គ្រូបង្វឹក​ជម្រើសជាតិ​ប្រដាល​គុន​ខ្មែរ​នេះ ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ប្រកាស​បែងចែក​សហព័ន្ធ​ជា​ពីរ​ដាច់ពីគ្នា​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​១ ខែកុម្ភៈ នៅក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ដាក់​ផែនការ​ឆ្នាំ​២០២៣​។

​ទន្ទឹមនឹងនេះ សហព័ន្ធ​កីឡាប្រដាល់​សកល​ក៏បាន​បោះឆ្នោត​ជ្រើសតាំង​គ្រូបង្វឹក​ជម្រើសជាតិ​រប​ស់​ខ្លួន​ផងដែរ​ក្នុងនោះ​លោក វ៉ែន សុផល និង​លោក ហ៊ិ​ន សៃ​ហេង ជា​គ្រូ​ជម្រើសជាតិ​ឈុត​ធំ និង​លោក អាត់ សំ​រិ​ទិ្ធ ព្រមទាំង​លោក ឡុង ស៊ី​លីន ជា​គ្រូបង្វឹក​យុវជន​ថ្នាល​។

​ក្រៅពី​បោះឆ្នោត​ជ្រើសតាំង​គ្រូ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​ក៏មាន​ការបោះឆ្នោត​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​ចំនួន​៦​នាក់ ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​ផងដែរ​។ កីឡាករ​ទាំងនោះ​រួមមាន កីឡាករ ឡៅ ចន្ទ្រា , ឡៅ ចិ​ន្ត្រា​, ម៉ន សា​ម៉េ​ត​, ឡុង សំណាង​, ហ៊ឹម សេរី និង​កីឡាករ ម៉ឺន សុភា​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

ក្រសួង​រៀបចំ​ការប្រកួត​ការអាន ស្មូត​កំណាព្យ និង​តែង​និពន្ធ ដើម្បី​ចូលរួម​ក្នុង​ទិវា​អំ​ណាន​



ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រកួតប្រជែង​ការអាន ការ​ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ​ជា​លើកដំបូង​ទាំង​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ ដើម្បី​ជ្រើសរើស​សិស្ស​ឲ្យ​ចូលរួម​ការអាន ក្នុង​ទិវា​អំ​ណាន​នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៧​។ នេះ​បើតាម​សេចក្ដីណែនាំ​ស្ដីពី​ការរៀបចំ​ទិវា​អំ​ណាន របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

យោងតាម​សេចក្ដីណែនាំ​ស្ដីពី​ការរៀបចំ​ទិវា​អំ​ណាន ១១ មីនា ២០១៧​ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រកួតប្រជែង​ជា​លើកដំបូង​ទាំង​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ សម្រាប់​ជ្រើសរើស​សិស្ស​ចូលរួម​ការអាន ក្នុង​ទិវា​អំ​ណាន​។​

​ក្រសួង​អប់រំ ក៏បាន​ដាក់​នូវ​វិញ្ញាសា​ចំនួន ៣ សម្រាប់​សិស្សានុសិស្ស​ចូលរួម​ប្រកួតប្រជែង​ផងដែរ​។ ចំពោះ វិញ្ញាសា​ការអាន​អត្ថបទ ផ្ដោត​សម្រាប់​សិស្ស​ថ្នាក់​ទី​៦, ការ​ស្មូត​កំណាព្យ សម្រាប់​សិស្ស ថ្នាក់​ទី​៩ និង​ការ​តែង​និពន្ធ សម្រាប់​សិស្ស​ថ្នាក់​ទី​១២​។​

​ក្រសួង​អប់រំ បញ្ជាក់ថា ការប្រកួតប្រជែង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ បន្ថែម​លើ​នេះ ការប្រកាស​លទ្ធផល និង​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី​លើ​វិញ្ញាសា​ទាំង​៣ ទូទាំងប្រទេស​នឹង​ប្រព្រឹត្ត​ទៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​អំ​ណាន​ថ្នាក់ជាតិ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៧​។​

​ជាមួយគ្នានេះ សម្រាប់​ការចំណាយ​លើ​ដំណើរការ​ប្រកួតប្រជែង នៅ​ថ្នាក់​គ្រឹះស្ថានសិក្សា​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​រាជធានី​-​ខេត្ត​ទាំងអស់​ជា​បន្ទុក​របស់​ថ្នាក់ក្រោម​ជាតិ ដោយមាន​កិច្ចសហការ​ជា​ដៃគូ​អភិវឌ្ឍ​ផ្សេងៗ​។ ម្យ៉ាងទៀត ការចំណាយ​ក្នុង​ដំណើរការ​ប្រកួតប្រជែង និង​ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​ថ្នាក់ជាតិ ជា​បន្ទុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ចំណែក ការចំណាយ​លើ​សោហ៊ុយ​ធ្វើដំណើរ ហូបចុក និង​ស្នាក់នៅ​របស់​បេក្ខជន​មកពី​២៥ រាជធានី​-​ខេត្ត ដែល​ជាប់​ជ័យលាភី​លេខ​១ ទាំងបី​វិញ្ញាសា និង​ប្រាក់ឧបត្ថម្ភ និង​ពានរង្វាន់ ជា​បន្ទុក​របស់​ក្រសួង​អប់រំ​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

កម្ពុជា​-​មី​យ៉ាន់​ម៉ា ប្តេជ្ញាបង្កើន​ទំហំ​ពា​ណិ​ជ្ជក​ម្ម និង​ពង្រីក​វិស័យ​ទេសចរណ៍​



នៅ​ថ្ងៃទី ៤ ខែកុម្ភៈ នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ លោក U Htin Kyaw ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​វិមាន​សន្តិភាព​។ ក្នុងជំនួប​នេះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានលើកឡើង​ពី​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​មី​យ៉ាន់​ម៉ា និង​ជាពិសេស ​បង្កើន​ទំហំ​ពា​ណិ​ជ្ចក​ម្ម និង​ទេសចរណ៍​។​

ពេល​ជួប​ជាមួយ​សម្តេច ហ៊ុន សែន លោក​ប្រធានាធិបតី​មី​យ៉ាន​ម៉ា U Htin Kyaw មានប្រសាសន៍ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា កើនឡើង ​កាលពី​ឆ្នាំ​២០១៥ និង​២០១៦​ កន្លងទៅ​។​លោក​ថា សូចនាករ​នេះ បង្ហាញថា ប្រទេស​ទាំងពីរ នឹងមាន​សក្តានុពល​យ៉ាងខ្លាំង​ក្នុងការ​ពង្រីក និង​ពង្រឹង ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន លោក U Htin Kyaw បានស្នើ​ឲ្យ​​ពង្រីក​បន្ថែមទៀត​ លើ​វិស័យ​ទេសចរណ៍ ជាពិសេស​គឺ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា ពង្រឹង​កិច្ច​សហការគ្នា ដើម្បី​ពិចារណា​ធ្វើយ៉ាងណា​ឲ្យ​មានការ​រៀបចំ​នូវ​ទេស​ចរណ៍​ជា​កញ្ចប់ នៅ​ទីក្រុង​សៀមរាប និង​ទីក្រុង​បាកាន​។​

​ចំណែក​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ថា ប្រទេស​ទាំងពីរ​គប្បី​ពិនិត្យមើល​ការងារ​អាទិភាព​ទាំងឡាយ ដើម្បី​ធ្វើយ៉ាងណា ជម្រុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ឯកភាព​ក្នុងការ​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កើនឡើង​។ ជាមួយគ្នានេះ សម្តេច ក៏បានផ្តល់​ជា​អនុសាសន៍ ឲ្យ​ពិនិត្យមើល​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ក្នុង​ក្របខណ្ឌ ACMEC, CLMV, មេគង្គ​, GMS ក៏ដូចជា​អាស៊ាន ដែល​យន្តការ​ទាំងនេះ អាចជម្រុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា ឲ្យកាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត​។

ថ្មី​ៗ
អត្ថបទ : រុង រឿង

ធនាគារ ANZ Royal ទទួល​សិទ្ធិ​ប្រមូល​ចំណូល​ពន្ធ​ទូទាំងប្រទេស​



ភ្នំពេញ​៖ ធនាគារ ANZ Royal គឺជា​ធនាគារ​ថ្មី​មួយទៀត ដែល​រដ្ឋាភិបាល​ជ្រើសរើស​ជា​ដៃ​ក្នុងការ​ប្រមូល​ចំណូល​ពន្ធដារ​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ ANZ Royal បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​ការប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ ANZ Royal សម្រាប់​ប្រតិបត្តិការ​ចំណូល​ពន្ធដារ អនុវត្ត​ទូទាំងប្រទេស នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​។​

លោក ជូ គឹម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​ពិធី​ចុះ MOU នេះ​ថា ការបង្កើន​ដៃគូ​សម្រាប់​ការប្រមូល​ចំណូល​ពន្ធដារ​បន្ថែម​នេះ បានបង្ហាញ​នូវ​វឌ្ឍនភាព​ថ្មី​បន្ថែមទៀត​នៃ​កម្មវិធី​កំណែទម្រង់​វិស័យ​រដ្ឋបាល​សារពើពន្ធ ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ ផ្ដល់​ភាពងាយស្រួល និង​ជម្រើស​ច្រើន​ដល់​អ្នក​ជាប់ពន្ធ​ក្នុងការ​បង់ពន្ធដារ​តាមរយៈ​ប្រព័ន្ធ​ធនាគារ​។

​អគ្គនាយិការ​ប្រតិបត្តិ​ធនាគារ ANZ Royal លោកស្រី Leonie Lethbridge មានប្រសាសន៍ថា​៖« ដោយមាន​ការសហការ​យ៉ាង​ប្រសើរ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ធនាគារ ANZ Royal ឥឡូវ​យើង​អាច​សម្រួល​ការបង់ពន្ធ​ដល់​អតិថិជន​សាជីវកម្ម​ក្នុងស្រុក និង​អន្តរជាតិ​ដែលមាន​ប្រតិបត្តិការ​តាម​តំបន់ និង​ក្នុងប្រទេស​កម្ពុជា​»​។ លោកស្រី​បន្ថែមថា អតិថិជន​សាជីវកម្ម​អាច​បង់ពន្ធ​បានជា​ប្រាក់រៀល ឬ​ប្រាក់​ដុល្លារ​តាម​សាខា​ធនាគារ ANZ Royal និង​តាម​ប្រព័ន្ធ​ធនាគារ​អេ​ឡិច​ត្រូវ​និក ចាប់ពី​ខែមេសា​ឆ្នាំនេះ​។​

​ធនាគារ ANZ Royal គឺជា​ធនាគារ​ដៃគូ​ប្រមូល​ចំណូល​ពន្ធ​របស់​រដ្ឋា​ភី​បាល​ទី​៦​ហើយ បន្ទាប់ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី​, ធនាគារ​កាណាឌីយ៉ា ក​.​អ​, ធនាគារ​ឯកទេស​វី​ង​, ធនាគារ​កម្ពុជា​សាធារណៈ និង​ធនាគារ​វឌ្ឍនៈ​៕

ថ្មី​ៗ
អត្ថបទ : ញ៉ុង​ ហេង

ព្រះមហាក្សត្រ នឹង​យាង​សម្ពោធ​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»



ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នឹង​យាង​ចូលរួម​ក្នុង​ពិធី​ចាក់​បញ្ចាំង​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​» នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​នៅ​ឧទ្យាន​អង្គរ ខេត្តសៀមរាប​។​លោក ស៊ិន ចន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ពី​ព័ត៌មាន​នេះ​។​

ភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​» ដែល​ដឹកនាំ​ផលិត​ដោយ តារា​ហូលីវូដ​លំដាប់​កំពូល លោកស្រី Angelina Jolie នឹង​ចាក់​បញ្ចាំង​លើកដំបូង​នៅ​ថ្ងៃទី​១៨ កុម្ភៈ​ខាងមុខ នៅ​ឧទ្យាន​អង្គរ ខេត្តសៀមរាប​។

​លោក ស៊ិន ចន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៣១ ខែមករា ថា ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នឹង​យាង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ភាពយន្ត​នេះ​។

​សម្រាប់​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូបនេះ ការចាក់​បញ្ចាំងភាពយន្ត​និយាយ​ពីរ​បប​ខ្មែរក្រហម ដែល​ថត​នៅលើ​ទឹកដី​កម្ពុជា​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ លោក ស៊ិន ចន្ទ​សា​យ៉ា បន្ថែមថា ភាពយន្ត​នេះ លោកស្រី Angelina Jolie ក៏​គ្រោង​ចាក់​បញ្ចាំង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ខេត្តបាត់ដំបង និង​នៅតាម​វត្ត​អារាម​ផងដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​បាន​ទស្សនា​ភាពយន្ត​មួយ​នេះ​។ ប៉ុន្តែ​កាលបរិច្ឆេទ​ចាក់​បញ្ចាំង នៅ​មិនទាន់​កំណត់​នៅឡើយ​។​

​ខ្សែភាពយន្ត​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ផលិតឡើង​ផ្អែកលើ​ការចងចាំ​ដ៏​ក្តុកក្តួល​របស់​អ្នក​និ ពន្ធ លឿង អ៊ឹង ដែល​កាលណោះ​គាត់​មាន​អាយុ​៥-៨​ឆ្នាំ​។ ខ្សែភាពយន្ត​នេះ ផលិតឡើង​ចេញពី​ការចងចាំ​របស់​ក្មេងស្រី​រូបនេះ ដែល​វា​ជាការ​មើលឃើញ​របស់​កុមារ​ម្នាក់​នៅក្នុង​សង្គ្រាម ការយល់ និង​ទស្សនៈ​របស់​កុមារ​នោះ​អំពី​សង្គ្រាម​។ Angelina Jolie បានបញ្ជាក់ គ្រា​ដែល​នាង​បានមក​កម្ពុជា​ដើម្បី​បង្ហាញ​ពី​គម្រោង​ថត​រឿងនេះ​ថា ភាពយន្ត​នេះ គឺ​មិនមែន​រម្លឹក​ដល់​ការភ័យខ្លាច រន្ធត់​នៃ​សង្គ្រាម​នោះទេ ប៉ុន្តែ​ដើម្បី​នាំយក​តួអង្គ​ជាច្រើន​មក​បង្ហាញជូន​ទស្សនិកជន​ជុំវិញ​ពិភពលោក នូវ​រឿង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ Angelina Jolie បានបញ្ជាក់​ទៀតថា ភាពយន្ត​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​រឿងរ៉ាវ​របស់​កុមារី​ម្នាក់​ប៉ុណ្ណោះ​ទេ បទពិសោធន៍​របស់​អ្នក​ដទៃទៀត ក៏​នឹងដាក់​បញ្ចូល​ទៅក្នុង​ខ្សែរ​ភាព​នេះដែរ វា​ក៏​មិន​ត្រឹមតែ​បង្ហាញ​ពី​ការចងចាំ​របស់​ក្មេងស្រី​ម្នាក់​ទេ តែ​ជាការ​ចង់ចាំ​របស់​ប្រជាជន​ខ្មែរ​ទាំងអស់​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

ពិធីបង្កក់កូន ៖ សុំ​ដូនតា​ទទួលស្គាល់​សមាជិក​ថ្មី និង​ខមាទោស​យាយ​ម៉ប​



ពិធីកាត់សក់​បង្កក់ឆ្មប ដែល​អ្នកស្រុក​អង្គរ​ទម្លាប់​ហៅ​យ៉ាងខ្លី​ថា បង្កក់កូន តាមពិត​ទៅជា​ពិធី​ដែល​គេ​ធ្វើឡើង​ដើម្បី​សុំ​ខមាទោស និង​ថ្លែងអំណរគុណ​ចំពោះ​យាយ​ម៉ប (​ឆ្មប​) ដែល​បាន​ជួយ​ខ្នះខ្នែង​ទាំងយប់​ព្រលប់ ក្នុងពេល​ឆ្លងទន្លេ​។ មិនតែប៉ុណ្ណោះ ពិធី​នេះ​ក៏​ធ្វើឡើង​ដើម្បី​សែនដូនតា​សុំ​ឲ្យ​ទទួលស្គាល់​កូនចៅ​ដែល​ទើប​កើតមក បានរួម​រស់​សុខ​សប្បាយ​ជាមួយ​សហគមន៍​របស់​ខ្លួន​ផង​។​

អ្នក​នៅ​តំបន់​អង្គរ​សព្វថ្ងៃ ទោះបីជា​បាន​វិ​វត្ត​ពី​ការឆ្លង​ទន្លេ​នៅតាម​ផ្ទះសម្បែង ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ដូច​តំបន់​ទូទៅ​ក្តី ក៏​នៅ​រក្សា​ទំនៀម​កាត់សក់​បង្កក់ឆ្មប​ដដែល​។ អ្នក​អង្គរ​បាន​អញ្ជើញ​ស្ត្រី​ចំណាស់​មួយរូប ដែល​ធ្លាប់មាន​មុខរបរ​ជាយា​យ​ម៉ប​មក​បំពេញ​កិច្ច​នេះ​។ ពុំមាន​កិច្ច​ពិធី​អ្វី​ច្រើន​ទេ គេ​ធ្វើ​ត្រឹម​តែមួយព្រឹក​ប៉ុណ្ណោះ ហើយ​បើ​ពិនិត្យ​ឲ្យ​ដិតដល់​ទៅ ចំណុច​សំខាន់​នៃ​ពិធី​គឺ​ប្រហែល​១​ម៉ោង​ប៉ុណ្ណោះ​។ ក្រៅពីនោះ មានតែ​ការរៀបចំ​គ្រឿង​រណ្តាប់ និង​លៀងភ្ញៀវ​ដែល​មក​ចូលរួម​តាម​ការអញ្ជើញ​របស់​សាមី​ពិធី​។​

​គ្រឿង​រណ្តាប់​សំខាន់​ដែល​គេ​រៀបចំ​សម្រាប់​ពិធី​នេះ​មាន គ្រឿង​ស្លាធម៌​បាយសី​ពីរ​ថាស មួយ​ថាស​សម្រាប់​អាចារ្យ និង​មួយ​ថាស​ទៀត​សម្រាប់​យាយ​ម៉ប​។ គ្រឿង​រណ្តាប់​ទាំងពីរ​ថាស​មិនមាន​អ្វី​ប្លែក​គ្នា​ទេ ឃើញ​លើស​តែ​ថាស​យ៉ា​យ​ម៉ប​បន្តិច​ត្រង់​មាន កូន​ពាន​មួយ​ដាក់​អំបោះ​ក្រហម កន្ត្រៃ​កាត់សក់ ស្និត ឡា​ម​កោរសក់​... សម្រាប់​យាយ​ម៉ប​ធ្វើ​ពិធី​ដូចជា​កាត់សក់ កោរសក់ និង​សង្កត់​ព្រលឹង​ទារក​។​

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

«​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​» អាច​នឹង​កើតឡើង​នៅ​ថ្ងៃទី​២០ ឬ​២១​ខែមីនា​ឆ្នាំនេះ​



សេចក្ដីជូនដំណឹង​ដដែល​នេះ​ឲ្យ​ដឹងថា​៖«​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​អច្ឆរិយៈ​ភាព​នៃ​ប្រាសាទ​អង្គរ ដែល​ត្រូវបាន​បុព្វបុរស​ខ្មែរ​យើង​កសាង ដោយមាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយនឹង​ធម្មជាតិ​យ៉ាងច្បាស់​លាស់​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​»​។

​ចំពោះ​ពេលវេលា បាតុភូត​នេះ នឹង​កើតឡើង​នៅ​ចន្លោះ​ម៉ោង ៥​ព្រឹក ទៅ​ម៉ោង ៧​ព្រឹក​។ ជា​រៀងរាល់ឆ្នាំ​ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ច្រើន​កុះករ​មក​ទស្សនា និង​ផ្ដិត​យក​រូបភាព​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​។​

​លោក​បណ្ឌិត ច័ន្ទ រ័ត្ន ប្រធាន​សមាគម​នៃ​អ្នក​គណិតវិទ្យា​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​បាន​ស្រាវជ្រាវ​ឯកសារ​អំពី​បាតុភូត​នេះ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បាតុភូត​នេះ គឺជា​ការគិតគូរ​រប​ស់​បុព្វបុរស​ខ្មែរ​ដែល​កសាង​ប្រាសាទ​អង្គរ ពោលគឺ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​៕

ថ្មី​ៗ
អត្ថបទ : ញ៉ុង​ ហេង

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ នៅ​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ៥,៦ ពាន់​លាន​ដុល្លារ​



ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​នៅ​ឆ្នាំ ២០១៦ មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៥ ដែរ គឺ មាន​ទឹកប្រាក់ ៥,៥៩​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​បន្តិច ០,០៤​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ពី​ស្ថាន​តំណង​ពាណិជ្ជកម្ម ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា​។​

​របាយការណ៍​ដដែល​ឲ្យ​ដឹងថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ ក្នុងអំឡុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ៩៣៦​លាន​ដុល្លារ កើនឡើង ៤៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មានតែ​ចំនួន ៦៣៩​លាន​ដុល្លារ​។ របាយការណ៍​បង្ហាញ​ទៀតថា ការ​នាំចូល​ផលិតផល​ពី​ប្រទេស​ថៃ​មក​ទីផ្សារ​កម្ពុជា​មានតម្លៃ ៤,៩៥​លាន​ដុល្លារ ថយចុះ​៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។​

​ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ប្រទេស​ថៃ ភាគច្រើន​ជា​ផលិតផល​កសិកម្ម មានដូចជា ពោត សណ្ដែក ដំឡូង​មី ជាដើម ខណៈ​ប្រទេស​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ​លើ​ទំនិញ​ដូចជា គ្រឿងចក្រ ឧបករណ៍​អេឡិចត្រូនិក គ្រឿងសំណង់ អាហារ​បរិភោគ គ្រឿង​សម្អាងការ ប្រេងឥន្ធនៈ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​ផលិតផល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ជាដើម​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ចុងសប្តាហ៍នេះ Facebook «សីហា» ទម្លាយខ្សែអាត់សម្លេងសន្ទនាតំណាងរាស្រ្ត រៀល ខេមរិន្រ្ទ និង យ៉ោម បុប្ផា (Video inside)

facebookvid{457957781261026}
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយខ្សែអាត់សម្លេងសន្ទនារបស់អ្នកតំណាងរាស្រ្ត ថ្មីម្នាក់ទៀតឈ្មោះ រៀល ខេមរិន្រ្ទ និង យ៉ោម បុប្ផា។ Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «រៀល ខេមរិន្ទ្រ ហុតទឹកសម្លឹងកាក យ៉ោម បុប្ផា ចោលសាច់ស្រវាឆ្អឹង» និងបានសរសេរថា «តំណាងរាស្រ្ត រៀល ខេមរិន្ទ្រ បានបំបែកបំបាក់ បំផ្លាញគ្រួសារគេឱ្យរលាយ-ឪពុកព្រាត់កូន ដោយដណ្តើមប្រពន្ធរបស់គេ»។ ក្រៅពីបង្ហោះខ្សែអាត់សម្លេងម្ចាស់ Facebook បានសរសេរៀបរាប់នូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ដោយឃើញអំពើថោកទាបហួសហេតុពេករបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិម្នាក់ និងស្ត្រីមានប្តី និងមានកូនទៀត ហ៊ានក្បត់ប្តីរត់ម៉ូតូឌុបធ្លាប់ កំសត់កម្រជាមួយគ្នា ទៅរួមរ័ក្សជាមួយសាហាយជាញឹកញាប់ភ្លេចប្តីភ្លេចកូន និងឈានទៅលែងប្តីទៅភ្ជាប់ពាក្យជាមួយអាម្សៀរនោះទៀត។ ប៉ុន្តែកម្មពារមានពិត ស្ត្រីម្នាក់នោះ ចោលសាច់ស្រវ៉ាឆ្អឹង ចង់បានងារជាជំទាវ ទៅយក រៀល ខេមរិន្ទ្រ ដែលកំពុងហុតទឹកសម្លឹងកាក។ ថ្ងៃនេះ ខ្ញុំសូមទម្លាយរឿងពិតរបស់មិត្តខ្ញុំម្នាក់រកស៊ីរត់ម៉ូតូឌុបជាមួយគ្នាឈ្មោះ លួស សាខន ដែលត្រូវបាន រៀល ខេមរិន្ទ្រ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បំបែកបំបាក់ បំផ្លាញគ្រួសាររបស់គាត់ឱ្យរលាយ-ឪពុកព្រាត់កូន ដោយម្សៀរនោះបានដណ្តើមប្រពន្ធរបស់សាខន គឺ យ៉ោម បុប្ផា តារាបាតុកម្មបឹងកក់។ កាលពីអំឡុងឆ្នាំ២០១៣ ដោយដឹងថា យ៉ោម បុប្ផា មានដីត្រូវប៉ាន់ច្រើនឡូត៍នៅម្តុំបឹងកក់ មានសមត្ថភាពប្រមូលមនុស្សដឹកនាំធ្វើបាតុកម្មបាន ហើយជាមនុស្សលោភលន់ទៀតនោះ រៀល ខេមរិន្ទ្រ ក៏ព្យាយាមទាក់ទងក្នុងគំនិតព្រួញមួយបាញ់បានចាប៣៖ ទី១ ចង់បានទ្រព្យសម្បត្តិ យ៉ោម បុប្ផា, ទី២ ចង់បានខ្លួនអា បុប្ផា និងទី៣ ងាយស្រួលបញ្ជាអា បុប្ផា ឲ្យដឹកនាំធ្វើបាតុកម្ម។ ខ្ញុំឃើញ រៀល ខេមរិន្ទ្រ ប្រើប្រាស់តែមតំណាងរាស្ត្រ ហើយមកបឹងកក់បញ្ចុកបន្ស៊ី អាបុប្ផា ទាំងមិនទាន់លែងលះប្តី តាមរូបភាពបង្កើតភាពស្និទ្ធស្នាល ដោយផ្តើមចេញពីការជម្រុញ យ៉ោម បុប្ផា ឲ្យធ្វើបាតុកម្ម រហូតបោកបញ្ឆោតបានសម្រេច ដោយបំបែកនាងពីប្តីជាអ្នករត់ម៉ូតូឌុបរកមួយថ្ងៃស៊ីមួយថ្ងៃ និងឈានទៅភ្ជាប់ពាក្យជាមួយនាងថែមទៀតផង។ កុំថាតែ សាខន សូម្បីតែអ្នកនៅបឹងកក់ក៏ហួសចិត្តដែរ គឺរឿង រៀល ខេមរិន្ទ្រ បំបែកឆក់យកប្រពន្ធគេ! ប៉ុន្តែ បានតែមួយភ្លែត ក្រោយពេលដែលដឹងច្បាស់ថា ការគិតរបស់ខ្លួនពីមុនខុសទាំងស្រុង គឺទ្រព្យសម្បត្តិរបស់ យ៉ោម បុប្ផា បែរជាដាក់ឈ្មោះម្តាយនាងទាំងអស់ រៀល ខេមរិន្ទ្រ មានការខកចិត្តយ៉ាងខ្លាំង រួមផ្សំនឹងរួមរ័ក្សជាមួយអា បុប្ផា ដែលជាស្រីមានកូនរួចទៅហើយ ឆ្អែតឆ្អន់ទៀតនោះ ធ្វើឲ្យ រៀល ខេមរិន្ទ្រ មួរម៉ៅក្តៅក្រហាយ រករឿងឈ្លោះជាមួយអា បុប្ផា ស្ទើរាល់ថ្ងៃ។ ថ្ងៃមួយដោយខ្លាច យ៉ោម បុប្ផា បកអាក្រាតហែកកេរ្តិ៍ នូវអំពើលាមករបស់ខ្លួន ខេមរិន្ទ្រ ភ័យស្លន់ស្លោរឡើងញ័រមាត់ ស្រែកគំហកដាក់អា បុប្ផា ខ្លាំងៗ គម្រាមកុំឱ្យនិយាយ។ Fresh News

អស្ចារ្យមែន! កូរ៉េខាងត្បូង «ទទួលជោគជ័យលើការវះកាត់ប្តូរប្រអប់ដៃ» ជាលើកដំបូង!

(សេអ៊ូល)៖ ក្រុមគ្រូពេទ្យជំនាញវះកាត់របស់កូរ៉េខាងត្បូងមួយក្រុម បានសម្រេចនូវការវះកាត់ប្តូរប្រអប់ដៃ ជាលើកដំបូងទៅលើបុរសវ័យខ្ទង់ ៣០ឆ្នាំម្នាក់ ដែលវាជា ជោគជ័យទីមួយហើយសម្រាប់កូរ៉េខាងត្បូង ដែលបានសម្រេចចេញនូវលទ្ធផលបែបនេះក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ​ដោយ​ទីភ្នាក់ងារ ព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០១៧។ ក្រុមគ្រូពេទ្យខាងលើនេះមានសមាជិកសរុប ២៥នាក់ ដឹកនាំដោយលោក Woo Sang Hyun ប្រធានមន្ទីរ​ពេទ្យ W Hospital បានសម្រេចចិត្តវះកាត់យកប្រអប់ដៃ ពីបុរសម្នាក់ដែលមានអាយុ ៤០ឆ្នាំ ដែលខួរក្បាល​របស់គាត់លែងដំណើរការទៅហើយ (ស្លាប់)។ ការវះកាត់ត្រូវបានចំណាយពេល ១០ម៉ោង នៅឯមជ្ឈមណ្ឌល​វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Yeungnam ទីក្រុងដេហ្គូ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ថាដៃដែលត្រូវបានវះកាត់យកមកផ្សាំឲ្យបុរសម្នាក់ទៀតខាងលើនេះ មានផ្នែកប្រអប់ដៃ និងកុំភួនដៃ។ ក្រោយការវះកាត់រួចរាល់​ជាស្ថាពរកាលពីថ្ងៃសុក្រ ក្រុមគ្រូពេទ្យបាន​អះអាងថា បុរសដែល​ទទួលបានដៃថ្មី​​គឺមានស្ថានភាព​​សុខភាព​ល្អធម្មតា ប៉ុន្តែរាងកាយ​របស់លោក​ត្រូវការពេលវេលា​យូរ​ ដើម្បីកម្រើក​ជាធម្មតា​ឡើងវិញ ដោយសារតែ​បានចំណាយពេលវេលា​យូរក្នុងការ​វះកាត់ប្តូរដៃ៕ Fresh News

ប្រទេសចិនចេញមុខព្រមានអាមេរិក៖ «កុំក្រឡុកស្ថានការណ៍នៅអាស៊ីបូព៌ា, ឈប់លើកឡើងនូវអ្វីដែល​ខុសពីការពិត!»

(ប៉េកាំង)៖ ប្រទេសចិនបានព្រមានទៅ​សហរដ្ឋអាមេរិកថា កុំក្រឡុក​ស្ថានការណ៍នៅ​តំបន់អាស៊ី​បូព៌ាតទៅ​ទៀត ដែលការព្រមានធ្ងន់ៗ​នេះធ្វើឡើងបន្ទាប់​ពី​រដ្ឋមន្ត្រីការពារជាតិថ្មី​របស់អាមេរិក លោក Jim Mattis កំពុងបំពេញ​ទស្សនកិច្ច​នៅជប៉ុនបានលើកឡើងថា ប្រជុំកោះស៊ិនកាគុ (ចិនហៅតាវយុ) គឺត្រូវបានការពារ​ដោយសន្ធិសញ្ញា​រវាងជប៉ុន-អាមេរិក។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់​ពីបណ្តាញ Reuters នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។ គួរបញ្ជាក់ថាប្រជុំកោះស៊ិនកាគុ ដែលចិនហៅថាតាវយុ និងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន​នៅឡើយនោះ គឺជាទីតាំងប្រកបដោយសក្កានុពលមួយ​ដែលអំណោយផល​លើការនេសាទ​ធនធានសមុទ្រ ដែលជប៉ុន​ទន្ទ្រានគ្រប់គ្រង​នៅសម័យ​សង្គ្រាមលោក ប៉ុន្តែបើតាម​ភាពជាក់ស្តែង​នៃតឹកតាងប្រវត្តិសាស្ត្រ​ប្រទេសចិនធ្លាប់​បានគ្រប់គ្រង​លើប្រជុំកោះទាំងអស់​នេះ អស់រាប់សតវត្សរ៍​មកហើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងប្រាប់ស៊ិនហួរថា «ប្រជុំកោះតាវយុ និងតំបន់ព័ទ្ធជុំវិញគឺជាដែនដីប្រវត្តិសាស្ត្ររបស់ប្រទេសចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលគ្មាន​នរណាម្នាក់ អាចប្រកែក​ពីការពិតជា​ប្រវត្តិសាស្ត្រនេះ​បានឡើយ។ យើងអំពាវនាវ​ឲ្យភាគីអាមេរិកទទួលខុស​ត្រូវចំពោះ​ឥរិយាបថ​របស់ខ្លួន ហើយឈប់​ធ្វើការ​លើកឡើង​ដោយខុសពី​ការពិត និងសូមឈប់ដុតរោល​ស្ថានការណ៍​ឲ្យកាន់តែយ៉ាប់យឺន​ជាងនេះទៀត​នៅក្នុងតំបន់»។ គួរបញ្ជាក់តាមសម្តីរបស់លោក Mattis នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនថា សហរដ្ឋអាមេរិក​រក្សា​គោលនយោបាយឥតកែប្រែចំពោះ​ជំហររបស់ខ្លួន​លើបញ្ហាប្រជុំកោះ ស៊ិនកាគុ ហើយអាមេរិក​បន្តគាំទ្រ​ប្រទេស​ជប៉ុន​ក្នុងការគ្រប់គ្រង​ប្រជុំកោះនោះតទៅទៀត៕ Fresh News

អយុត្តិធម៌​ណាស់​សម្រាប់​ពលរដ្ឋកម្ពុជា​ ! អាមេរិក​ទម្លាក់គ្រាប់បែក​សម្លាប់​ជាងកន្លះលាន​នាក់ហើយ​, លុយថ្លៃ​គ្រាប់បែកជិត​៥០០លាន​ដុល្លារទៀត !​

(ភ្នំពេញ)៖ ក្រោយការថ្លែងរបស់ឯកអគ្គរាជទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt ក្នុងវេទិកាតុមូល នាថ្ងៃម្សិលមិញ ហើយត្រូវបាន វិទ្យុអាស៊ីសេរី ដែលមាននិន្នាការគាំទ្របក្សប្រឆាំង និងសហរដ្ឋអាមេរិក បានដកស្រង់សំដីមកចុះផ្សាយ ដោយលើកឡើងថា សហរដ្ឋអាមេរិកមិនដែលបាន ពិចារណាក្នុងការ​លុបបំណុលពីកម្ពុជា ហើយថារហូតមកដល់ពេលនេះ​បំណុលបានកើន​ដល់ជិត​៥០០លានដុល្លារនោះ, លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា ដែលជា​អ្នកដឹកនាំប្រតិបត្តិការ​រំដោះមីន បានសម្តែងនូវការ​សោកស្តាយយ៉ាងណាស់​ចំពោះបញ្ហានេះ ហើយថា ការលើកឡើងយ៉ាងដូច្នេះ វាពិតជាអយុត្តិធម៌ណាស់ ព្រោះវាគឺជាការបន្ថែម​នូវក្តីឈឺចាប់ខ្លាំងក្លា​ដល់ពលរដ្ឋស្លូតត្រង់​របស់កម្ពុជា។ ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហេង រតនា បានលើកឡើងជាថ្មីម្តងទៀតដោយចាត់ទុកថា ការថ្លែងពីបញ្ហាបំណុល​របស់ឯកអគ្គរដ្ឋទូតអាមេរិក ជាការបន្ថែមក្តីឈឺចាប់ ដែលមិនអាចបំភ្លេចបានឡើយ សម្រាប់ប្រជាជនខ្មែរ ដែលត្រូវបានរងទុក្ខ យ៉ាងធ្ងន់ធ្ងរដោយសារ​ការទម្លាក់គ្រាប់បែក​រាប់លានគ្រាប់ របស់សហរដ្ឋអាមេរិក មកលើទឹកដីកម្ពុជា ហើយកម្ពុជាត្រូវសងបំណុលអាមេរិក ដែលជាថ្លៃគ្រាប់បែក ដែលទម្លាក់មកលើប្រទេសរបស់ខ្លួនទៀត។ លោកលើកឡើងទៀតថា ការប្រកាសពីចំនួននៃការកើនឡើងបំណុល ចាប់ពី២០០លានដុល្លារ ដល់៥០០លានដុល្លារ គឺជាការបន្ថែមនូវការឈឺចាប់ របស់ប្រជាពលរដ្ឋខ្មែរ ដែលរួមមាន អ្នករបួស អ្នកពិការ និងវិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយសារគ្រាប់បែកទម្លាក់ដោយអាមេរិក។ ជាមួយគ្នានេះ លោក ហេង រតនា យល់ឃើញថា «ការបង្កើតក្រុមការងារ ដើម្បីពិភាក្សាករណីរឿងបំណុល ដែលកម្ពុជាជំពាក់នោះ ជាប្រការសមហេតុសមផល​ហើយ។ ទន្ទឹងនឹងនេះគួរតែមានក្រុមការងារពិភាក្សាប្រកបដោយតម្លាភាព អំពីផលខូចខាត ដោយសារសហរដ្ឋអាមេរិក ដែលបានទំលាក់គ្រាប់បែក​ជាសំងាត់ក្តី​ ជាចំហរក្តី​ក្នុងន័យវាយតំលៃឲ្យច្បាស់លាស់​ ដើម្បីងាយស្រួលសំរាប់រដ្ឋបាល សហរដ្ឋអាមេរិក មានការទទួលខុសត្រូវ ជាកាតព្វកិច្ចខាងសីលធម៌កី្ត​ ការទទួលខុសត្រូវ ខាងផ្លូវច្បាប់ក្តី​ (Moral Obligation or Legal Obligation) ក្នុងការបញ្ចប់ទំពរ័ខ្មៅងងឹង ពីអតីតកាល​ និងរួមគ្នាសហការល្អ សំរាប់អនាគត​នៃប្រទេស និងប្រជាជនទាំង២»។ យ៉ាងណាក៏ដោយ លោកអគ្គនាយកស៊ីម៉ាក់ ហេង រតនា ធ្លាប់បានប្រៀបប្រដូចការទម្លាក់គ្រាប់ របស់អាមេរិកមកលើកម្ពុជា ដូចទៅនឹងការយកដំបងដ៏ធំមួយ មកវាយ​សំពងសម្លាប់កម្ពុជា ប៉ុន្តែកម្ពុជាមិនស្លាប់បែរជាត្រូវគេ ទាមទារឲ្យសងថ្លៃដំបងថែមទៀត ដូចគ្នានឹងការទម្លាក់គ្រាប់បែក របស់អាមេរិកផងដែរ គឺអាមេរិក​បានទម្លាក់គ្រាប់បែកមកលើកម្ពុជា ហើយអាមេរិក បែរជាមកទារថ្លៃគ្រាប់បែករបស់ខ្លួនទៀត។ ពាក់ព័ន្ធបញ្ហាបំណុលអាមេរិកនេះផងដែរ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ដោយបានចាត់ទុក​បំណុលនេះ ជាបំណុលឈាម។ បំណុលឈាម ដែលអាមេរិកបានទម្លាក់គ្រាប់ បែកសម្លាប់ប្រជាជនខ្មែរជាង៥សែននាក់។ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានចាត់ទុកសហរដ្ឋអាមេរិក ជាប្រទេសដែលមានឈាមខ្មៅ ចំពោះប្រទេសកម្ពុជា មិនសមជាប្រទេសមហាអំណាច។ លោកថា បំណុលដែលកម្ពុជាជំពាក់នោះ គឺជាបំណុល ដែលជំពាក់ដោយរដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ជំពាក់, រដ្ឋាភិបាលមិនស្របច្បាប់ ដែលបានធ្វើប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ និងធ្លាក់ចេញពីអំណាច ដោយសារចាញ់សង្គ្រាម ព្រមទាំងជារដ្ឋាភិបាលដែលលើកបន្តុប ដោយសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស​ម្តងទៀត ដោយបាន​ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លុប​បំណុល​ដល់​កម្ពុជា ដែល​អាមេរិកផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ព្រោះជាបំណុលកខ្វក់។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែ​ប៉ះប៉ូវ​សងដល់​កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។ អគ្គនាយក CMAC លោក ហេង រតនា បានបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕ Fresh News